
REQUEST IMMIGRATION SERVICE
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.

ការទទួលបានសញ្ជាតិតាមកំណើតនៅតែមានសុពលភាពនៅសហរដ្ឋអាមេរិក។ នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026 តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចក្នុងសំណុំរឿង Trump v. Barbara ថា កុមារដែលកើតនៅសហរដ្ឋអាមេរិក ដែលឪពុកម្តាយរបស់ពួកគេស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ ឬស្នាក់នៅជាបណ្តោះអាសន្ន គឺជាពលរដ្ឋសញ្ជាតិអាមេរិកតាំងពីពេលកើត។ បន្ទាប់មក ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីចំនួនពីរ នៅថ្ងៃទី 6 ខែសីហា ឆ្នាំ 2026 ដែលពាក់ព័ន្ធនឹងការទទួលបានសញ្ជាតិតាមកំណើត និងការធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីសម្រាលកូន។ គិតត្រឹមថ្ងៃទី 13 ខែសីហា ឆ្នាំ 2026 ការរឹតបន្តឹងថ្មីលើសញ្ជាតិនៅតែកំពុងមានវិវាទផ្នែកច្បាប់ ហើយមិនបានផ្លាស់ប្តូរគោលការណ៍ទូទៅដែលចែងថា កុមារដែលកើតនៅសហរដ្ឋអាមេរិកនៅថ្ងៃនេះ ទទួលបានសញ្ជាតិអាមេរិកតាំងពីពេលកើតនោះទេ។
វិវាទបច្ចុប្បន្នជុំវិញបទបញ្ជាប្រតិបត្តិស្តីពីសញ្ជាតិតាមកំណើត បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីប្រធានាធិបតី Trump ត្រឡប់ចូលកាន់តំណែងវិញនៅខែមករា ឆ្នាំ 2025 នៅពេលដែលបានចេញ Executive Order 14160។ បញ្ហានេះត្រូវបានប្តឹងជំទាស់ភ្លាមៗនៅតុលាការសហព័ន្ធជាច្រើន ដោយលើកឡើងពីមូលហេតុរដ្ឋធម្មនុញ្ញក្រោម មាត្រាធ្វើវិសោធនកម្មទី 14 (Fourteenth Amendment) និងមាត្រាស្តីពីសញ្ជាតិ (Citizenship Clause)។
សំណុំរឿងទាំងនេះបាននាំឱ្យមានការចេញដីកាផ្អាកការអនុវត្តទូទាំងប្រទេស (nationwide injunctions) និងការប្តឹងឧទ្ធរណ៍ ហើយមានសំណួរចោទសួរផ្នែករដ្ឋធម្មនុញ្ញមកជំនុំជម្រះរួមគ្នានៅតុលាការកំពូលសហរដ្ឋអាមេរិក ក្នុងសំណុំរឿង Trump v. Barbara។ ចំណុចសំខាន់ៗត្រូវបានសង្ខេបនៅក្នុងតារាងពេលវេលាខាងក្រោម។
ថ្ងៃទី20 ខែមករា ឆ្នាំ2025
ការវិវត្ត
ប្រធានាធិបតី Trump ចុះហត្ថលេខាលើ Executive Order 14160, ការការពារអត្ថន័យ និងតម្លៃនៃសញ្ជាតិអាមេរិក។ បទបញ្ជានេះមានបំណងបដិសេធការទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិចំពោះកុមារមួយចំនួនដែលកើតនៅសហរដ្ឋអាមេរិក ក្នុងករណីដែលម្តាយស្ថិតនៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬជាបណ្តោះអាសន្ន ហើយឪពុកមិនមែនជាពលរដ្ឋអាមេរិក ឬអ្នកមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ (Lawful Permanent Resident)។
ក្នុងឆ្នាំ2025 (ពេញមួយដំណើរការក្តី)
ការវិវត្ត
តុលាការសហព័ន្ធបានចេញដីកាផ្អាកការអនុវត្ត Executive Order 14160 ខណៈដែលការប្តឹងជំទាស់នៅតែបន្ត។
ថ្ញៃទី1 ខែមេសា ឆ្នាំ2026
ការវិវត្ត
តុលាការកំពូលសហរដ្ឋអាមេរិកបានស្តាប់ការអះអាងផ្ទាល់មាត់ក្នុងសំណុំរឿង Trump v. Barbara។
ថ្ញៃទី30 ខែមិថុនា ឆ្នាំ2026
ការវិវត្ត
តុលាការកំពូលបានសម្រេចលើសំណុំរឿង Trump v. Barbara។ តុលាការបានសម្រេចថា កុមារដែលកើតនៅសហរដ្ឋអាមេរិក ដែលឪពុកម្តាយរបស់ពួកគេស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ ឬជាបណ្តោះអាសន្ន គឺស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក ហើយទទួលបានសញ្ជាតិអាមេរិកតាំងពីពេលកើត។
ថ្ញៃទី6 ខែសីហា ឆ្នាំ2026
ការវិវត្ត
ប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីចំនួនពីរ។ បទបញ្ជាមួយកំណត់ប្រភេទកុមារដែលកើតនៅសហរដ្ឋអាមេរិកមួយចំនួនដែលរដ្ឋបាលចាត់ទុកថា មិនស្ថិតក្រោមសិទ្ធិសញ្ជាតិតាមកំណើត។ បទបញ្ជាទីពីរផ្តោតលើ ការធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីសម្រាលកូន (birth tourism) តាមរយៈការអនុវត្តច្បាប់អន្តោប្រវេសន៍ និងទិដ្ឋាការ។
ថ្ញៃទី13 ខែសីហា 2026
ការវិវត្ត
សញ្ជាតិតាមកំណើតនៅតែជាគោលការណ៍ទូទៅនៅសហរដ្ឋអាមេរិក។ ការប្តឹងជំទាស់ផ្នែកច្បាប់ចំពោះការរឹតបន្តឹងសញ្ជាតិថ្មីបានចាប់ផ្តើម ខណៈដែលរដ្ឋបាលបានណែនាំឱ្យស្ថាប័នសហព័ន្ធបង្កើត ឬធ្វើបច្ចុប្បន្នភាពគោលនយោបាយ ដើម្បីអនុវត្តបទបញ្ជាដែលបានចេញនៅខែសីហា។
ចំណុចសំខាន់នៃការជជែកវែកញែកជុំវិញបទបញ្ជាប្រតិបត្តិស្តីពីសញ្ជាតិតាមកំណើត គឺផ្តោតលើ មាត្រាស្តីពីសញ្ជាតិ (Citizenship Clause) នៃវិសោធនកម្មរដ្ឋធម្មនុញ្ញទី 14 (Fourteenth Amendment)៖
“មនុស្សគ្រប់រូបដែលកើត ឬទទួលបានសញ្ជាតិនៅក្នុងសហរដ្ឋអាមេរិក និងស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក គឺជាពលរដ្ឋនៃសហរដ្ឋអាមេរិក និងជាពលរដ្ឋនៃរដ្ឋដែលពួកគេស្នាក់នៅ។”
ដូច្នេះ សំណួរផ្នែកច្បាប់សំខាន់គឺ ពាក្យ “ស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក” (subject to the jurisdiction) មានន័យយ៉ាងដូចម្តេច ចំពោះបុគ្គលដែលកើតនៅលើទឹកដីសហរដ្ឋអាមេរិក។
តើតុលាការកំពូលបានសម្រេចអ្វីខ្លះក្នុងសំណុំរឿង Trump v. Barbara?
សេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកស្តីពីសញ្ជាតិតាមកំណើត ក្នុងសំណុំរឿង Trump v. Barbara ត្រូវបានចេញនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។
សំណុំរឿងនេះផ្អែកលើ Executive Order 14160 ដែលមានបំណងរារាំងការទទួលស្គាល់សញ្ជាតិអាមេរិកក្នុងស្ថានភាពពីរដែលបានកំណត់យ៉ាងទូលំទូលាយ៖ ករណីដែលម្តាយស្ថិតនៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយឪពុកមិនមែនជាពលរដ្ឋអាមេរិក ឬអ្នកមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ (Lawful Permanent Resident) និងករណីដែលម្តាយស្ថិតនៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ ប៉ុន្តែជាបណ្តោះអាសន្ន ដូចជាក្រោមទិដ្ឋាការទេសចរណ៍ ទិដ្ឋាការសិក្សា ឬទិដ្ឋាការការងារ ខណៈដែលឪពុកមិនមែនជាពលរដ្ឋអាមេរិក ឬអ្នកមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់។
តុលាការកំពូលបានបដិសេធជំហរនេះ។
តុលាការបានសម្រេចថា កុមារដែលកើតនៅសហរដ្ឋអាមេរិក ដែលឪពុកម្តាយរបស់ពួកគេស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ ឬជាបណ្តោះអាសន្ន គឺ “ស្ថិតក្រោមដែនសមត្ថកិច្ច” (subject to the jurisdiction) របស់សហរដ្ឋអាមេរិក ហើយដូច្នេះ គឺជាពលរដ្ឋអាមេរិកតាំងពីពេលកើត តាម មាត្រាស្តីពីសញ្ជាតិ (Citizenship Clause) នៃវិសោធនកម្មរដ្ឋធម្មនុញ្ញទី 14 (Fourteenth Amendment)។
តុលាការបានពិនិត្យលើគោលការណ៍ច្បាប់ប្រពៃណីក្នុងប្រព័ន្ធ Common Law ដែលជាមូលដ្ឋាននៃ Citizenship Clause។ តាមគោលការណ៍នេះ ការកើតនៅក្នុងទឹកដីដែលស្ថិតក្រោមអធិបតេយ្យភាពរបស់រដ្ឋ ជាទូទៅនាំឱ្យទទួលបានសញ្ជាតិ ព្រោះកុមារនោះស្ថិតក្រោមច្បាប់ និងការការពាររបស់រដ្ឋនោះ។
តុលាការបានទទួលស្គាល់ ករណីលើកលែងមួយចំនួនដែលមានកំណត់យ៉ាងតឹងរ៉ឹងតាមប្រវត្តិសាស្ត្រ រួមមានកូនរបស់មន្ត្រីការទូតបរទេស ដែលតាមច្បាប់ត្រូវបានចាត់ទុកថា មិនស្ថិតក្រោមដែនសមត្ថកិច្ចធម្មតារបស់សហរដ្ឋអាមេរិក។
នេះហើយជាចំណុចដែលពាក្យ “extraterritorial fiction” មានសារៈសំខាន់។
តុលាការបានពន្យល់ថា កុមារដែលកើតនៅសហរដ្ឋអាមេរិក និងស្ថិតក្រោមច្បាប់របស់សហរដ្ឋអាមេរិក គឺជាពលរដ្ឋអាមេរិក។ ប៉ុន្តែមាន ករណីលើកលែងមួយចំនួនដែលត្រូវបានទទួលស្គាល់តាមប្រវត្តិសាស្ត្រ ដូចជាកូនរបស់អ្នកការទូត ដែលត្រូវបានចាត់ទុកថា មិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិកយ៉ាងពេញលេញ តាមគោលការណ៍ច្បាប់ដែលបានអនុវត្តជាយូរមកហើយ។
“តុលាការកំពូលបានសម្រេចថា កុមារដែលកើតនៅសហរដ្ឋអាមេរិក និងស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពផ្លូវច្បាប់របស់ឪពុកម្តាយ គឺជាពលរដ្ឋអាមេរិកតាំងពីពេលកើត។”
បទបញ្ជាប្រតិបត្តិដែលបានចេញនៅខែសីហា ឆ្នាំ 2026 មានវិធីសាស្ត្រដែលមានកម្រិតជាង Executive Order 14160។ ជំនួសឱ្យការដកសិទ្ធិសញ្ជាតិ ដោយផ្អែកលើស្ថានភាពរបស់ឪពុកម្តាយដែលគ្មានឯកសារស្របច្បាប់ ឬស្នាក់នៅជាបណ្តោះអាសន្ន បទបញ្ជាថ្មីផ្តោតលើប្រភេទជាក់លាក់នៃកុមារដែលរដ្ឋបាលយល់ថា មិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក។
ការបកស្រាយនេះកំពុងក្លាយជាប្រធានបទនៃ វិវាទផ្នែកច្បាប់ថ្មីៗបន្ថែមទៀត។
បទបញ្ជាប្រតិបត្តិទីមួយ៖ ប្រភេទកុមារដែលមិនត្រូវបានរាប់បញ្ចូល
បទបញ្ជាទីមួយក្នុងចំណោមបទបញ្ជាពីរដែលបានចេញនៅថ្ងៃទី 6 ខែសីហា គឺ “បន្តកាតការពារអត្ថន័យ និងតម្លៃនៃសញ្ជាតិអាមេរិក” ដែលមានគោលបំណងកំណត់ស្ថានភាពដែលរដ្ឋាភិបាលសហព័ន្ធមិនគួរទទួលស្គាល់បុគ្គលដែលកើតនៅសហរដ្ឋអាមេរិកថាជាពលរដ្ឋអាមេរិក។
សំខាន់បំផុត គឺការដកចេញដែលបានកំណត់ក្នុងបទបញ្ជានេះ នឹងអនុវត្តនៅពេលដែល ឪពុកម្តាយទាំងពីរមិនមែនជាពលរដ្ឋអាមេរិក ហើយមានស្ថានភាពណាមួយដែលបានកំណត់ជាក់លាក់។
ប្រភេទដែលបានកំណត់ក្នុងបទបញ្ជានេះ រួមមានកុមារដែលឪពុក ឬម្តាយណាម្នាក់ជា៖
1. “សត្រូវបរទេស” (alien enemy) រួមទាំងសមាជិកមួយចំនួននៃអង្គការភេរវករបរទេសដែលត្រូវបានកំណត់ ឬក្រុម ភេរវករសកលដែលត្រូវបានកំណត់ជាពិសេស (Specially Designated Global Terrorists)។
2. ឯកអគ្គរដ្ឋទូត ឬបុគ្គលិកស្ថានទូត ឬស្ថានកុងស៊ុលបរទេសដែលមានលក្ខណៈសម្បត្តិដែលបានកំណត់។
3. បុគ្គលដែលធ្វើការឱ្យ រដ្ឋាភិបាលបរទេសក្នុងតួនាទីផ្លូវការ។
4. បុគ្គលដែលធ្វើការឱ្យ អង្គការអន្តរជាតិមួយចំនួន ដែលមានអភ័យឯកសិទ្ធិ (immunity) ដែលអាចអនុវត្តបាន។
5. បុគ្គលដែលពាក់ព័ន្ធនឹង ប្រតិបត្តិការពាណិជ្ជកម្ម ដែលមានគោលបំណងទិញ ឬទទួលបានសិទ្ធិសញ្ជាតិតាមកំណើត។
បទបញ្ជានេះក៏ផ្តោតលើ ការរៀបចំដែលមានការបង់ប្រាក់ ដែលម្តាយត្រូវបាននាំមកសហរដ្ឋអាមេរិក ឬដែនដីរបស់សហរដ្ឋអាមេរិក ជាពិសេសដើម្បីសម្រាលកូន។ វាក៏អនុវត្តចំពោះ ការរៀបចំជួលម្តាយពពោះ (commercial surrogacy) មួយចំនួនផងដែរ។
លើសពីនេះ បទបញ្ជានេះក៏និយាយអំពីបុគ្គលដែលកើតនៅក្នុង ដែនដីរបស់សហរដ្ឋអាមេរិក ឬដែនទឹកដែនដីរបស់សហរដ្ឋអាមេរិក ដែលសញ្ជាតិមិនត្រូវបានផ្តល់ជូនតាមច្បាប់សហព័ន្ធ។
ស្ថានភាពមួយចំនួនក្នុងចំណោមនេះ មានភាពស្រដៀងគ្នានឹង ករណីលើកលែងដែលមានស្រាប់ចំពោះសញ្ជាតិតាមកំណើតក្រោមវិសោធនកម្មរដ្ឋធម្មនុញ្ញទី 14 (14th Amendment) ជាពិសេសការចាត់ទុកកុមារដែលកើតចំពោះអ្នកការទូតបរទេសដែលត្រូវបានទទួលស្គាល់ និងមានអភ័យឯកសិទ្ធិការទូត។
ចំណែកឯស្ថានភាពផ្សេងទៀត គឺជាការពង្រីកការបកស្រាយរបស់រដ្ឋបាលទៅកាន់វិស័យដែល តុលាការមិនទាន់បានសម្រេចជាចុងក្រោយ។
បទបញ្ជាប្រតិបត្តិទីពីរ៖ បញ្ចប់ការធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីសម្រាលកូន
បទបញ្ជាទីពីរផ្តោតលើការធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីសម្រាលកូន (Birth Tourism) ជាជាងការកំណត់ឡើងវិញដោយផ្ទាល់អំពីស្ថានភាពសញ្ជាតិរបស់កុមារ។
បទបញ្ជានេះកំណត់ថា Birth Tourism គឺជាការចូលមកសហរដ្ឋអាមេរិករបស់ជនបរទេសតាមរយៈទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (nonimmigrant visa) ក្នុងគោលបំណងសម្រាលកូននៅលើទឹកដីសហរដ្ឋអាមេរិក។
បទបញ្ជានេះណែនាំឱ្យរដ្ឋមន្ត្រីការបរទេស (Secretary of State) និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ (Secretary of Homeland Security) ចាត់វិធានការ និងធ្វើបច្ចុប្បន្នភាពច្បាប់ គោលនយោបាយ និងសេចក្តីណែនាំសម្រាប់ការអនុវត្ត នៅពេលចាំបាច់ ដើម្បីអនុវត្តគោលនយោបាយនេះ។
វិធានការដែលអាចត្រូវបានអនុវត្តក្រោមបទបញ្ជានេះ រួមមានការចាត់វិធានការចំពោះជនបរទេសដែលព្យាយាមចូលសហរដ្ឋអាមេរិកក្នុងគោលបំណង Birth Tourism ការដកហូតទិដ្ឋាការ ឬការអនុញ្ញាតធ្វើដំណើរ ការបដិសេធការចូលប្រទេស ការបណ្តេញចេញពីសហរដ្ឋអាមេរិក និងការចាត់វិធានការចំពោះអង្គការ ឬបុគ្គលដែលជួយសម្របសម្រួលការធ្វើ birth tourism។
ទោះជាយ៉ាងណា ការរឹតបន្តឹងលើការប្រើប្រាស់ទិដ្ឋាការអ្នកទេសចរ (visitor visa) ជាចម្បងដើម្បីមកសម្រាលកូននៅសហរដ្ឋអាមេរិក មិនមែនជាគោលនយោបាយថ្មីទេ។
តើអ្វីខ្លះដែលត្រូវបានហាមឃាត់រួចហើយ មុនបទបញ្ជាខែសីហា ឆ្នាំ 2026?
ចាប់តាំងពីខែមករា ឆ្នាំ 2020 មក បទប្បញ្ញត្តិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកំណត់យ៉ាងច្បាស់អំពី Birth Tourism ក្នុងការដាក់ពាក្យសុំទិដ្ឋាការ B។
តាមបទប្បញ្ញត្តិដែលមានស្រាប់ មន្ត្រីកុងស៊ុលអាចបដិសេធទិដ្ឋាការ B ប្រសិនបើមន្ត្រីមានមូលហេតុជឿថា គោលបំណងចម្បងរបស់អ្នកដាក់ពាក្យក្នុងការធ្វើដំណើរទៅសហរដ្ឋអាមេរិក គឺដើម្បីសម្រាលកូននៅទីនោះ ដើម្បីឱ្យកូនទទួលបានសញ្ជាតិអាមេរិក។
ក្រសួងការបរទេសនៅតែបញ្ជាក់ថា Birth Tourism មានន័យថា ការធ្វើដំណើរដែលគោលបំណងចម្បងគឺដើម្បីសម្រាលកូននៅសហរដ្ឋអាមេរិក ដើម្បីឱ្យកូនទទួលបានសញ្ជាតិ គឺមិនមែនជាមូលហេតុដែលអាចអនុញ្ញាតឱ្យទទួលបានទិដ្ឋាការអ្នកទេសចរនោះទេ។
មានភាពខុសគ្នាសំខាន់រវាង Birth Tourism និងការធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទទួលការព្យាបាលវេជ្ជសាស្ត្រដោយស្របច្បាប់។ ការទទួលការព្យាបាលវេជ្ជសាស្ត្រអាចជាគោលបំណងដែលអាចអនុញ្ញាតបានក្រោមទិដ្ឋាការ B-2 ដោយត្រូវបំពេញតាមលក្ខខណ្ឌទិដ្ឋាការដែលពាក់ព័ន្ធ។
ក៏អាចមានផលវិបាកធ្ងន់ធ្ងរផងដែរ ប្រសិនបើអ្នកដាក់ពាក្យផ្តល់ព័ត៌មានមិនពិតអំពីគោលបំណងពិតប្រាកដនៃការធ្វើដំណើរ។
“ដោយមិនពាក់ព័ន្ធនឹងបទបញ្ជាថ្មី មន្ត្រីកុងស៊ុលមានសិទ្ធិបដិសេធទិដ្ឋាការ B-2 តាមបទប្បញ្ញត្តិរបស់ក្រសួងការបរទេសស្តីពីការធ្វើដំណើរដើម្បីសម្រាលកូន។ ការកុហក ឬលាក់បាំងគោលបំណងពិតប្រាកដក្នុងអំឡុងពេលដាក់ពាក្យ ក៏អាចនាំឱ្យមានការសម្រេចថា មានការក្លែងបន្លំ (fraud) ឬការបកស្រាយខុសដោយចេតនា (wilful misrepresentation) ផងដែរ។”
ការរកឃើញថាមាន ការក្លែងបន្លំ (fraud) ឬ ការបកស្រាយខុសដោយចេតនា (wilful misrepresentation) អាចមានផលវិបាកធ្ងន់ធ្ងរលើសពីការដាក់ពាក្យសុំទិដ្ឋាការ រួមទាំងអាចត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក លុះត្រាតែទទួលបានការលើកលែងតាមច្បាប់ (legal waiver)។
ដូច្នេះ បទបញ្ជាខែសីហា មិនបានបង្កើត ការហាមឃាត់ថ្មីលើទិដ្ឋាការអ្នកទេសចរសម្រាប់ Birth Tourism ទេ។ ជាចម្បង វាគ្រាន់តែណែនាំឱ្យក្រសួងការបរទេស និងក្រសួងសន្តិសុខមាតុភូមិ បង្កើនការអនុវត្តច្បាប់ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់ពួកគេ។
ប្រសិនបើកូនរបស់អ្នកកើតនៅសហរដ្ឋអាមេរិក និងឪពុកម្តាយជាជនបរទេស
សម្រាប់គ្រួសារដែលមានការព្រួយបារម្ភថា បទបញ្ជាប្រតិបត្តិថ្មីអាចប៉ះពាល់ដល់ពួកគេយ៉ាងដូចម្តេច ចំណុចសំខាន់មួយគឺត្រូវបែងចែកឱ្យច្បាស់ថា តើកូនបានកើតនៅសហរដ្ឋអាមេរិករួចហើយ ឬក៏កំពុងពិចារណាអំពីការសម្រាលកូននៅសហរដ្ឋអាមេរិកនាពេលអនាគត។
ប្រសិនបើកូនរបស់អ្នកបានកើតនៅសហរដ្ឋអាមេរិករួចហើយ
បទបញ្ជាប្រតិបត្តិដែលបានចេញនៅខែសីហា មិនមានបំណងអនុវត្ត ថយក្រោយ (retroactively) ទេ។ នេះមានន័យថា កុមារដែលបានកើតនៅសហរដ្ឋអាមេរិកចំពោះឪពុកម្តាយជាជនបរទេស ហើយបានទទួលសញ្ជាតិអាមេរិកតាំងពីពេលកើត នឹងមិនត្រូវបានដកសញ្ជាតិនោះថយក្រោយ ដោយសារវិធានការថ្មីទាំងនេះទេ។
“បទបញ្ជាថ្មីមិនមានប្រសិទ្ធភាពថយក្រោយទេ។ សញ្ជាតិតាមកំណើតមិនអាចត្រូវបានដកហូតថយក្រោយបានទេ។”
សម្រាប់គ្រួសារដែលមានកូនដែលបានទទួលសញ្ជាតិអាមេរិករួចហើយតាមកំណើត ដូច្នេះ សញ្ជាតិដែលមានស្រាប់របស់កូនគួរត្រូវបានបែងចែកឱ្យដាច់ពីការជជែកវែកញែកផ្នែកច្បាប់ និងនយោបាយដែលកំពុងកើតមាននៅពេលនេះ។ វិធានការថ្មីផ្តោតលើ របៀបដែលសញ្ជាតិតាមកំណើតអាចអនុវត្តចំពោះកុមារដែលនឹងកើតនៅសហរដ្ឋអាមេរិកនាពេលអនាគតក្នុងស្ថានភាពជាក់លាក់ ជាជាងការដកសញ្ជាតិដែលកុមារបានទទួលរួចហើយ។
ប្រសិនបើអ្នកកំពុងរៀបចំផែនការសម្រាលកូននៅសហរដ្ឋអាមេរិក
សម្រាប់ស្ត្រីមានផ្ទៃពោះ ឬគូស្វាមីភរិយាដែលកំពុងពិចារណាធ្វើដំណើរទៅសហរដ្ឋអាមេរិក ស្ថានភាពនេះតម្រូវឱ្យមានការពិចារណាឱ្យបានប្រុងប្រយ័ត្នជាងមុន។
បញ្ហាអន្តោប្រវេសន៍ដែលត្រូវពិចារណា មិនមែនត្រឹមតែ តើកូនដែលកើតក្នុងអំឡុងពេលធ្វើដំណើរនឹងទទួលបានសញ្ជាតិអាមេរិកឬអត់នោះទេ។ ឪពុកម្តាយក៏ត្រូវពិចារណាផងដែរថា តើពួកគេមានសិទ្ធិទទួលបានទិដ្ឋាការដែលសមស្របឬអត់ និងថាតើគោលបំណងដែលពួកគេចង់ធ្វើដំណើរ ស្របតាមលក្ខខណ្ឌអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកឬទេ។
ក្រោមបទប្បញ្ញត្តិដែលមានស្រាប់របស់ក្រសួងការបរទេស ទិដ្ឋាការ B អាចត្រូវបានបដិសេធ ប្រសិនបើគោលបំណងចម្បងនៃការធ្វើដំណើរគឺដើម្បីសម្រាលកូននៅសហរដ្ឋអាមេរិក ដោយមានគោលបំណងឱ្យកូនទទួលបានសញ្ជាតិអាមេរិក។
ការកាន់កាប់ទិដ្ឋាការដែលមានសុពលភាព ក៏មិនមានន័យថានឹងត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិកជាក់ជាមិនខានដែរ។ US Customs and Border Protection (CBP) ជាអ្នកសម្រេចចុងក្រោយអំពីសិទ្ធិចូលប្រទេស នៅពេលអ្នកដំណើរមកដល់ច្រកចូលសហរដ្ឋអាមេរិក។
“ចំណុចសំខាន់គឺត្រូវធានាថា ការសន្មត់គូស្វាមីភរិយានោះមានគោលបំណងចម្បងទៅសហរដ្ឋអាមេរិកដើម្បីសម្រាលកូន អាចត្រូវបានបដិសេធបាន។ និយាយម្យ៉ាងទៀត គួរតែមានគោលបំណងស្របច្បាប់ផ្សេងទៀតសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក ក្រៅពីការសម្រាលកូន។”
ដូច្នេះ ស្ថានភាពអាចមានភាពខុសគ្នា ប្រសិនបើមានហេតុផលពិតប្រាកដ និងស្របច្បាប់ដោយឯករាជ្យសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក ហើយការធ្វើដំណើរនោះគ្រាន់តែចំអំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះ។ ឧទាហរណ៍ អាចជាការធ្វើដំណើរដើម្បីទទួលការព្យាបាលវេជ្ជសាស្ត្រឯកទេស ដែលមិនមាននៅក្នុងប្រទេសដែលអ្នកដាក់ពាក្យស្នាក់នៅ។
គ្រប់ករណីនីមួយៗនឹងអាស្រ័យលើស្ថានភាពជាក់លាក់របស់បុគ្គលនោះ។ សំខាន់បំផុត អ្នកដំណើរគួរតែបង្ហាញពីគោលបំណងរបស់ខ្លួនដោយស្មោះត្រង់ និងច្បាស់លាស់។ ការផ្តល់ព័ត៌មានមិនពិត ឬព័ត៌មានដែលអាចបំភាន់អំពីគោលបំណងនៃការធ្វើដំណើរ អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរជាងការបដិសេធទិដ្ឋាការទៅទៀត។
អាស្រ័យលើស្ថានភាព ផលវិបាកដែលអាចកើតមានរួមមាន៖
1. ការបដិសេធពាក្យសុំទិដ្ឋាការ;
2. ការបដិសេធមិនឱ្យចូលសហរដ្ឋអាមេរិកនៅច្រកចូលប្រទេស;
3. ការដកហូតទិដ្ឋាការ;
4. ការបណ្តេញចេញពីសហរដ្ឋអាមេរិក; ឬ
5. ការរកឃើញថាមានការក្លែងបន្លំ (fraud) ឬការបកស្រាយខុសដោយចេតនា (wilful misrepresentation) ប្រសិនបើបានផ្តល់ព័ត៌មានមិនពិត។
បទបញ្ជាខែសីហាក៏ណែនាំឱ្យស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាវិធានការបន្ថែមពាក់ព័ន្ធនឹងបុគ្គល និងអង្គភាពដែលផ្សព្វផ្សាយ ឬជួយសម្របសម្រួល Birth Tourism។ លក្ខខណ្ឌរបស់បទប្បញ្ញត្តិទាំងនេះនឹងត្រូវអនុវត្តជាក់ស្តែង នឹងអាស្រ័យលើសកម្មភាពបន្ថែមរបស់ស្ថាប័នពាក់ព័ន្ធ និងការប្តឹងជំទាស់ផ្នែកច្បាប់ដែលកំពុងបន្ត។
ស្ថានភាពផ្លូវច្បាប់បច្ចុប្បន្ន និងអ្វីដែលនឹងកើតឡើងបន្ទាប់
គិតត្រឹមពេលសរសេរនេះ គោលការណ៍រដ្ឋធម្មនុញ្ញទូទៅនៅតែមាន សម្រាប់កុមារដែលកើតនៅសហរដ្ឋអាមេរិក និងស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក ទទួលបានសញ្ជាតិអាមេរិកតាំងពីពេលកើត។
សេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃទី 30 ខែមិថុនា ក្នុងសំណុំរឿង Trump v. Barbara បានបញ្ជាក់ថា គោលការណ៍នេះអនុវត្តចំពោះកុមារដែលកើតនៅសហរដ្ឋអាមេរិក ដែលឪពុកម្តាយរបស់ពួកគេស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ ឬជាបណ្តោះអាសន្ន។
បទបញ្ជាប្រតិបត្តិពីរដែលបានចុះហត្ថលេខានៅថ្ងៃទី 6 ខែសីហា មានវិធីសាស្ត្រដែលកំណត់គោលដៅជាក់លាក់ជាង Executive Order 14160។ បទបញ្ជាទីមួយកំណត់ស្ថានភាពជាក់លាក់ដែលរដ្ឋបាលយល់ថា កុមារដែលកើតនៅសហរដ្ឋអាមេរិកមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក។ បទបញ្ជាទីពីរផ្តោតលើឪពុកម្តាយផ្ទាល់ រួមទាំងសិទ្ធិរបស់ពួកគេក្នុងការទទួលបានទិដ្ឋាការ ឬការអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក នៅពេលគោលបំណងនៃការធ្វើដំណើរគឺ Birth Tourism។
ស្ថានភាពផ្លូវច្បាប់កំពុងបន្តវិវត្ត។ ការប្តឹងជំទាស់ផ្នែកច្បាប់បានដាក់រួចហើយ ប្រឆាំងនឹងការប៉ុនប៉ងកំណត់ការទទួលស្គាល់សញ្ជាតិតាមកំណើត ហើយប្រភេទមួយចំនួនដែលបានកំណត់ក្នុងបទបញ្ជាខែសីហាទីមួយ នៅតែមិនទាន់មានការសម្រេចច្បាស់លាស់។
សូមបន្តតាមដានការវិវត្តទាំងនេះ រួមទាំងរបៀបដែលការផ្លាស់ប្តូរណាមួយអាចប៉ះពាល់ដល់ការដាក់ពាក្យសុំទិដ្ឋាការ ការអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក និងការទទួលស្គាល់សញ្ជាតិនៅក្នុងការអនុវត្តជាក់ស្តែង។
នៅដំណាក់កាលនេះ មិនទាន់អាចព្យាករណ៍បានទេថា តុលាការនឹងសម្រេចយ៉ាងដូចម្តេចជាចុងក្រោយចំពោះបទបញ្ជាខែសីហាទាំងនេះ។
ការរៀបចំផែនការដើម្បីទទួលបានភាពច្បាស់លាស់
សម្រាប់គ្រួសារដែលចង់ទទួលបានសិទ្ធិចូលសហរដ្ឋអាមេរិកដោយស្របច្បាប់ ការបង្កើតស្ថានភាពអន្តោប្រវេសន៍ស្របច្បាប់សម្រាប់ឪពុកម្តាយ អាចផ្តល់នូវភាពច្បាស់លាស់ និងប្រាកដប្រជាជាងការធ្វើដំណើរដែលមានគោលបំណងចម្បងដើម្បីទទួលបានសញ្ជាតិអាមេរិកតាមរយៈការសម្រាលកូន។ មានវិធីជាច្រើនក្នុងការចូលសហរដ្ឋអាមេរិកដោយស្របច្បាប់ ក្នុងនាមជាអន្តោប្រវេសន៍ ឬអ្នកមិនមែនអន្តោប្រវេសន៍។ Birth Tourism មិនផ្តល់អត្ថប្រយោជន៍ផ្នែកអន្តោប្រវេសន៍ដល់គ្រួសាររបស់កុមារនោះទេ ហើយមានវិធីស្របច្បាប់ជាច្រើនដើម្បីទទួលបានស្ថានភាពស្របច្បាប់នៅសហរដ្ឋអាមេរិក។
ជម្រើសដែលសមស្របបំផុត នឹងអាស្រ័យលើសញ្ជាតិរបស់គ្រួសារ ប្រវត្តិការងារ និងវិជ្ជាជីវៈ ស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងរយៈពេលវែងរបស់ពួកគេនៅសហរដ្ឋអាមេរិក។
សម្រាប់វិនិយោគិន និងសហគ្រិន E-2 Treaty Investor Visa ផ្តល់នូវជម្រើសមិនមែនអន្តោប្រវេសន៍ដែលអាចបន្តសុពលភាពបាន សម្រាប់ជនជាតិនៃប្រទេសដែលមានសិទ្ធិក្រោមសន្ធិសញ្ញា ដែលធ្វើការវិនិយោគក្នុងទំហំសមស្របទៅក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក។ ប្រសិនបើអ្នកដាក់ពាក្យបច្ចុប្បន្នមិនមែនជាជនជាតិនៃប្រទេសដែលមានសិទ្ធិសម្រាប់ E-2 ទេ ក៏អាចមានលទ្ធភាពបញ្ចូលការរៀបចំផែនការសញ្ជាតិទៅក្នុងយុទ្ធសាស្ត្រទូលំទូលាយផងដែរ។ នេះអាចរួមមានការទទួលបានសញ្ជាតិនៃប្រទេសដែលមានសិទ្ធិសម្រាប់ E-2 តាមរយៈកម្មវិធីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ Grenada, Turkey ឬ Egypt មុនពេលដាក់ពាក្យសុំ E-2។
សម្រាប់អ្នកដែលមានបំណងទទួលបាន សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ (Permanent Residence) ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកផ្តល់នូវផ្លូវជាច្រើនដែលអាចពិចារណាបាន។ ផ្លូវទាំងនេះរួមមាន កម្មវិធី EB-5 Immigrant Investor និងប្រភេទអន្តោប្រវេសន៍តាមការងារ ដូចជា EB-1A និង EB-2 National Interest Waiver (NIW)។
EB-2 NIW អាចមានភាពពាក់ព័ន្ធជាពិសេសសម្រាប់អ្នកជំនាញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយការងារដែលពួកគេស្នើសុំធ្វើនៅសហរដ្ឋអាមេរិក មានគុណប្រយោជន៍សំខាន់ និងមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិ។ អាស្រ័យលើប្រវត្តិរូបរបស់អ្នកដាក់ពាក្យ និងការងារដែលបានស្នើ អ្នកដាក់ពាក្យអាចរួមមានអ្នកជំនាញផ្នែក STEM និងបុគ្គលដែលមានជំនាញខ្ពស់ផ្សេងទៀត។ HLG ក៏ផ្តល់ការប្រឹក្សាដល់អ្នកបើកយន្តហោះអាកាសចរណ៍ដែលមានបទពិសោធន៍ ក្នុងការដាក់ពាក្យ EB-2 NIW នៅពេលស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេបំពេញតាមលក្ខខណ្ឌដែលអាចអនុវត្តបាន។
នៅពេលសញ្ជាតិជាឧបសគ្គសំខាន់សម្រាប់យុទ្ធសាស្ត្រ E-2 កម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចក្លាយជាផ្នែកមួយនៃផែនការទូលំទូលាយសម្រាប់ការធ្វើដំណើរ និងការផ្លាស់ទីលំនៅទៅសហរដ្ឋអាមេរិក។
ជម្រើសនីមួយៗទាំងនេះ ស្ថិតក្រោមច្បាប់ និងលក្ខខណ្ឌសិទ្ធិទទួលបានផ្ទាល់ខ្លួន។ យុទ្ធសាស្ត្រដែលសមស្របគួរត្រូវបានវាយតម្លៃដោយផ្អែកលើសញ្ជាតិរបស់អ្នកដាក់ពាក្យ ប្រវត្តិវិជ្ជាជីវៈ និងអាជីវកម្ម គោលបំណងនៃការវិនិយោគ និងទំនាក់ទំនងដែលអ្នកដាក់ពាក្យមានបំណងបង្កើតជាមួយសហរដ្ឋអាមេរិក។
Thank you for visiting Harvey Law Group.
Please select our nearest office to you and complete the enquiry form below.
To send successfully, you must fill in all the required fields marked by an asterisk “*”.